វត្តមានរបស់តារាបាល់ទាត់រូបសង្ហាវ័យ ៤០ ឆ្នាំបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលោកមកនេះដើម្បីបំពេញការងារមនុស្សធម៌គម្រប់ខួប ១០ ឆ្នាំរបស់ខ្លួនក្នុងនាមជាតំណាងឯកអគ្គរដ្ឋទូតសុច្ឆន្ទៈនៃអង្គការ យូនីសេហ្វ (Unicef) ផង និងឆ្លៀតឱកាសទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យស្នាដៃបុព្វបុរសខ្មែរ ផងដែរ។
ដេវិដ ប៊េកខេម បានមកទស្សនាតំបន់ប្រាង្គប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោកនៃ អង្គការយូណេស្កូស្ថិតនៅលើទឹកដីខេត្តសៀមរាបនៃប្រទេសកម្ពុជា បន្ទាប់ពីបានចាកចេញពីក្រុងម៉ាកាវប្រទេសចិនក្នុងពិធីសម្ពោធ សម្លៀកបំពាក់ម៉ាក H& M នាថ្ងៃសៅរ៍ទី ១៣ ខែមិថុនាមក។
សព្វថ្ងៃ ប៊េកខេម កំពុងតែមមាញឹកខ្លាំងជាមួយនឹងរបរថ្មីក្រៅពីអាជីពជាកីឡាករ បាល់ទាត់ដូចជា ការធ្វើដំណើរមកទឹកដីអាស៊ីជាមួយគោលដៅពាណិជ្ជកម្ម សកម្មភាពមនុស្សធម៌ និងទេសចរណ៍។
បើតាមអ៊ីនស្តាក្រាមផ្លូវការ davidbeckham របស់លោកបានបង្ហោះរូបថតច្រើនសន្លឹកជាមួយស្នាមញញឹមនៅមុខប្រាសាទ អង្គរវត្ត។ រូបថតច្រើនសន្លឹកទៀតជាមួយបុគ្គលិកបម្រើការនៅភោជនីយដ្ឋានខ្មែរ ច័ន្ទរី ទ្រី ក៏ត្រូវបានបង្ហោះតាមហ្វេសប៊ុកផងដែរ។លោក ប៊េកខាំ បង្ហាញពីអារម្មណ៍រីករាយរបស់ខ្លួនពេលទស្សនាអង្គរវត្តថា៖ «នេះជាថ្ងៃដ៏អស្ចារ្យនៅកម្ពុជាព្រោះបានមកដល់តំបន់ប្រាង្គ ប្រាសាទអង្គរវត្ត ដែលជាទីកន្លែងមួយក្នុងចំណោមកន្លែងដ៏ស្រស់ស្អាតបំផុតលើ ពិភពលោក»។
រូបភាពថតមុខអង្គរវត្តដែល ដេវិដ ប៊េកខេម បានបង្ហោះនោះមានអ្នកចុច «Like» ជាង ៦ សែននាក់តែត្រឹមរយៈប៉ុន្មានម៉ោងក្រោយមក។
ដំណើរមកក្រុងសៀមរាបអង្គររបស់តារាបាល់ទាត់ល្បីរូបនេះបើតាម ប្រសាសន៍មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាបដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងកាលពីរសៀលម្សិលមិញថា៖ «លោក ដេវិដ ប៊េកខេម ពិតជាមានវត្តមាននៅលើទឹកដីប្រាសាទអង្គរយើងមែនហើយបានស្នាក់នៅឯ សណ្ឋាគារ Amansara Resort។ តែគាត់មកជាលក្ខណៈឯកជនប៉ុណ្ណោះ ធ្វើដំណើរតាមរ៉ឺម៉កកង់បីយ៉ាងសាមញ្ញពេលទស្សនាប្រាសាទអង្គរ។ ទោះបីពេលមកកាន់ទឹកដីសៀមរាប លោក ប៊េកខេម មិនបានជូនដំណឹងអ្វីដល់ខាងអាជ្ញាធរយើងក្តីក៏យើងបានជួយ សម្របសម្រួលផ្នែករក្សាសុវត្ថិភាពដល់រូបគាត់ដែរ»។
មន្ត្រីមន្ទីរទេសចរណ៍រូបនេះបន្តថា៖ «គាត់ក៏បានចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌របស់អង្គការ យូនីសេហ្វដែរ មុននឹងឡើងយន្តហោះចាកចេញពីទឹកដីខេត្តសៀមរាបនៅរសៀលម៉ោង ៣ ថ្ងៃនេះ»។
សកម្មភាពលោកក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ។ រូបថត UNICEF
ប៊េកខេម ក៏បានថ្លែងនៅក្នុងគេហទំព័រយូនីសេហ្វដែរថា៖ «ខ្ញុំមកកម្ពុជាដើម្បីជួបក្មេងៗដែលធ្លាប់ទទួលរងនូវអំពើហិង្សា នានា និងស្ដាប់រឿងរ៉ាវតាមរយៈអង្គការ UNICEF ហើយក៏នឹងខិតខំរកវិធីដើម្បីជួយពួកគេឲ្យមានសុវត្ថិភាពដែរ។ ខ្ញុំមានក្តីរន្ធត់ចិត្តខ្លាំងណាស់ពេលឮរបាយការណ៍ថានៅលើពិភពលោក យើងនេះយ៉ាងហោចក៏មានកុមារស្លាប់ម្នាក់ដែរដោយអំពើហិង្សានូវ រាល់ ៥ នាទីនោះ! សុំពិភពលោកទាំងមូលចូលរួមគ្នាបញ្ឈប់ទង្វើនេះ!»។
ដេវិដ ប៊េកខេម បានបញ្ចប់ពីអាជីពជាកីឡាករនៅត្រឹមឆ្នាំ ២០១៣ ខណៈលោកធ្លាប់ជាអតីតខ្សែបម្រើឆ្នើមនៃក្រុមជម្រើសជាតិអង់គ្លេស និងលេងឲ្យក្លិបល្បីៗមាន Manchester United ក្លិប Real Madrid ក្លិប Ac Milan ក្លិប LA Galaxy និងចុងក្រោយក្លិប Paris Saint-Germain។
លោកជួបនឹងតារាចម្រៀងដ៏ល្បីនាង វ៉ិចតូរៀ និងជាពាណិជ្ជករស្រីផ្នែកច្នៃម៉ូដដ៏ល្បីរបស់អង់គ្លេសតាំងពីឆ្នាំ ១៩៩១ និងមានកូនបួននាក់ (ប្រុស ៣ ស្រី ១ )ជាចំណងស្នេហ៍៕
0 ความคิดเห็น:
แสดงความคิดเห็น