ក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម ២៣ ឆ្នាំ បានផ្តួលក្រុមខ្លាំងមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-០ ដើម្បីធ្វើការការពារពានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់ពួកគេ យ៉ាងជោគជ័យ និងដើម្បីឈ្នះពានជាលើកទី ១៥ របស់ពួកគេក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទ។
គ្រាប់បាល់ស៊ុតបញ្ចូលទី ៣ គ្រាប់ក្នុងតង់ទី ២ បានផ្តល់ជ័យជម្នះដ៏កក់ក្តៅមួយដល់ក្រុមជម្រើសជាតិថៃ ដែលត្រូវតែខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីទម្លុះសំណាញ់របស់អ្នក ចាំទី Phyo Kyaw Zin នៅមុនពេលពួកគេបានផ្តល់នូវការខកចិត្តដល់ក្រុមប្រទេសជិតខាងរបស់ ពួកគេ។
អ្នកគាំទ្ររបស់មីយ៉ាន់ម៉ាដ៏ច្រើនកុះករចំនួន ៣១១៤៣ នាក់ ដែលភាគច្រើននៃពួកគេសុទ្ធសឹងកម្មករបរទេសមកពីប្រទេសមីយ៉ាន់ម៉ា និងដែលត្រូវបានឃ្លាំមើលដោយក្រុម ប៉ូលិសប្រដាប់ដោយអាវុធ និងសត្វសុនខ នោះ បានធ្វើឲ្យបរិយាកាសដ៏រំភើបនៅកីឡដ្ឋាន National Stadium។
លោក Choketawee Promrut គ្រូបង្វឹករបស់ថៃ បាននិយាយថា ក្រុមរបស់លោកដែលបានស៊ុតបាល់បញ្ចូលទី ២៤ គ្រាប់ និងបានរបូតត្រឹមតែ ១ គ្រាប់គត់ក្នុងដំណើរឆ្ពោះទៅកាន់ការទទួលជ័យជម្នះ ៧ លើកជាប់ៗនោះ គឺជាក្រុមដ៏ខ្លាំងបំផុតរបស់ថៃក្នុងការឈ្នះមេដាយមាសក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។
ប៉ុន្តែ លោកបានបញ្ជាក់ថា កីឡាកររបស់លោក ដែលបានកាន់រូបថតពាក់កណ្តាលខ្លួនរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងពេលបញ្ចប់ការប្រកួតនោះ នឹងមិនប្រើប្រាស់ស្រាបៀរដើម្បីធ្វើការអបអរឡើយ។
នៅពេលដែលត្រូវបានចោទសួរថា តើកីឡាកររបស់លោកនឹងផឹកស្រាបៀរ ឬយ៉ាងណា? លោក Choketawee ដែលបានបន្ថែមថា ការផ្លាស់ប្តូរបច្ចេកទេសលេងក្នុងតង់ទី ១ បានជួយឲ្យក្រុមលោកទម្លុះខ្សែការពាររបស់មីយ៉ាន់ម៉ានោះ បានឆ្លើយថា៖ «ត្រឹមតែទឹកក្រូចប៉ុណ្ណោះ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «នៅមុនពេលតង់ទី ២ ក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ យើងបានពិភាក្សាអំពីការលេង ហើយវាមានដំណើរការល្អប្រសើរជាងមុន»។
ក្រុមជម្រើសជាតិថៃ បានចាប់ផ្តើមប្រកួតយ៉ាងមានជំនឿចិត្ត និងបានគ្រប់គ្រងបាល់យ៉ាងល្អ ប៉ុន្តែ ក្តីសង្ឃឹមនៃការរកគ្រាប់នាំមុខមុននៅដើមតង់ ត្រូវបានរារាំងដោយខ្សែការពារដ៏រឹងមាំរបស់មីយ៉ាន់ម៉ា។
កីឡាករ Nurul Sriyankem បានស៊ុតបាល់សំដៅទីមិនបានល្អ និងបានខកខានឱកាសដ៏ល្អមួយនៅពីមុខទី នៅមុនពេលស៊ុតបាល់ចំដៃរបស់អ្នកចាំទី Phyo Kyaw Zin។ Thitiphan Puangjan ស្ទើរតែអាចរកគ្រាប់បាល់បញ្ចូលទីទៅហើយជាមួយនឹងការតែតបាល់យ៉ាង ល្អរបស់គេ ប៉ុន្តែ ការតែតបាល់សំដៅទីនោះត្រូវបានសង្គ្រោះដោយអ្នកចាំទី Phyo Kyaw Zin ។
Chanathip ដែលត្រូវបានគេផ្តល់រហស្សនាមថា Messi របស់ថៃនោះ គួរតែបានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅជិតបញ្ចប់តង់ទី ១ ប៉ុន្តែ ការស៊ុតរបស់គេក៏ត្រូវបានសង្គ្រោះដោយអ្នកចាំទីរបស់ក្រុម មីយ៉ាន់ម៉ា ផងដែរ។
លោក Kyi Lwin គ្រូបង្វឹករបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បាននិយាយថា៖ «យើងមានគោលដៅឈ្នះមេដាយមាស ប៉ុន្តែ យើងបានបាត់បង់ឱកាសរបស់យើង។ ខ្ញុំពិតជាខកចិត្តសម្រាប់អ្នកគាំទ្រ និងប្រទេសរបស់យើង»៕
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น