ក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់អាល្លឺម៉ង់ និងន័រវែស បានកត់ត្រាជ័យជម្នះរៀងៗខ្លួនដើម្បីឈានទៅប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Women's World Cup កាលពីថ្ងៃចន្ទ ខណៈដែលលទ្ធផលស្មើគ្រប់គ្រាន់ក្នុងការធ្វើឲ្យក្រុមម្ចាស់ផ្ទះ កាណាដា និងចិន ឈានទៅវគ្គ បន្ត។
ក្រុមជើងខ្លាំងអាល្លឺម៉ង់ បានផ្តួលក្រុមជម្រើសជាតិនារីរបស់ថៃ ៤-០ ដើម្បីឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ ១ ក្នុងពូល B ពីលើក្រុមជម្រើសជាតិនារីរបស់ន័រវែស ដែលបានឈ្នះកៅអីទៅវគ្គបន្តតាមរយៈការផ្តួលក្រុមជម្រើសជាតិកូតឌីវ័រ ៣-១ ។
ក្រុមជម្រើសជាតិកាណាដា បានបញ្ចប់ក្នុងលទ្ធផល ១-១ ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិហូឡង់ ប៉ុន្តែ លទ្ធផលនេះគ្រប់គ្រាន់ក្នុងការធ្វើឲ្យពួកគេបញ្ចប់ដោយការឈរលេខ ១ ក្នុងពូល A ពីលើក្រុមជម្រើសជាតិចិនដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតដ៏សំខាន់របស់ពួកគេជាមួយនឹងនូវែលសេឡង់។
ក្រុមទាំង ៤ នេះ នឹងត្រូវចូលរួមជាមួយនឹងក្រុមជម្រើសជាតិជប៉ុន និងប្រេស៊ីល ម្ចាស់ជើងឯករងឆ្នាំ ២០០៧ ដែលបានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេច ខណៈដែលនៅសល់មួយប្រកួតទៀតក្នុងដៃ។
អាល្លឺម៉ង់ បានជួបការប្រកួតដ៏ស្វិតស្វាញមួយនៅពេលជួបជាមួយនឹងក្រុមមាន ចំណាត់ថ្នាក់លេខ ២៩ ក្នុងទ្វីបអាស៊ី ក្នុងទីក្រុង Winnipeg នៅមុនពេលMelanie Leupolz បានរកគ្រាប់បាល់ទម្លុះសំណាញ់ទីនៅនាទី ទី ២៤ ។
ការតែតបាល់បញ្ចូលទី ២ គ្រាប់ក្នុងតង់ទី ២ ពីសំណាក់កីឡាការិនី Lena Petermann នៅនាទី ទី ៥៦ និងនៅនាទី ទី ៥៨ បានធ្វើឲ្យក្រុមឈរលេខ ១ ក្នុងពិភពលោក អាល្លឺម៉ង់ កាន់តែមានទម្រង់លេងល្អ។
គ្រាប់បាល់ស៊ុតបញ្ចូលទីគួរតែអាចច្រើនជាងនេះ ប៉ុន្តែ អ្នកចាំទី Waraporn Boonsing របស់ថៃ បានបំពេញតួនាទីយ៉ាងល្អ នៅមុនពេលកីឡាការិនី Sara Daebritz បានរកគ្រាប់បាល់ទី ៤ ឲ្យក្រុមម្ចាស់ជើងឯកឆ្នាំ ២០០៣ និង ២០០៧ មួយនេះ នៅនាទី ទី ៧៣ ។
Leupolz របស់អាល្លឺម៉ង់ បាននិយាយថា៖ «វាមិនមែនជាការប្រកួតដ៏ល្អបំផុតរបស់យើងឡើយ ប៉ុន្តែ វាផ្តល់ឲ្យយើងនូវការជឿជាក់បន្ថែមទៀត»។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ មាន ៧ ពិន្ទុពីការប្រកួត ៣ លើក ស្មើជាមួយនឹងក្រុមជម្រើសជាតិន័រវែស ប៉ុន្តែ មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ក្រោយពីពួកគេបានផ្តួលក្រុមជម្រើសជាតិកូតឌីវ័រ យ៉ាងចាស់ដៃក្នុងលទ្ធផល ១០-០ ក្នុងការប្រកួតបើកឆាករបស់ពួកគេ។
ក្រុមជម្រើសជាតិថៃ ដែលឈរលេខ ៣ ដោយមាន ៣ ពិន្ទុ នៅតែអាចមានឱកាសទៅវគ្គបន្តក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុម ដែលឈរលេខ ៣ មានពិន្ទុច្រើនជាងគេបំផុត ប៉ុន្តែ ក្រុមជម្រើសជាតិកូតឌីវ័រ នឹងត្រូវត្រឡប់ទៅផ្ទះវិញ ក្រោយពីរងបរាជ័យទាំង ៣ ប្រកួត និងបណ្តោយឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនដល់ទៅ ១៦ គ្រាប់។
ក្នុងការប្រកួតបន្ទាប់ អាល្លឺម៉ង់ នឹងត្រូវប៉ះជាមួយនឹងក្រុមឈរលេខ ៣ ពីការប្រកួតពូល A C ឬ D នៅថ្ងៃសៅរ៍នេះ៕
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น