ការប្រកួតហ្វុតសាលមិនមែនអាជីព SPORTKH.Com Futsal Cup 2015 បានបើកការប្រកួតរដូវកាលទី ១ របស់ខ្លួន កាលពីថ្ងៃអាទិត្យ ហើយក្រុមចំនួន ៦ បានយកឈ្នះលើគូប្រកួតដោយបច្ចេកទេស ប៉ុន្តែក្រុម Pavillon D'Asie ត្រូវបានគណៈកម្មការបង្វែរលទ្ធផលពីការឈ្នះមកចាញ់ក្រុម Multi Media វិញ ជុំវិញការមិនគោរពលក្ខខណ្ឌ និងច្បាប់នៃការប្រកួតនេះ។
នៅក្នុងការប្រកួតជម្រុះតាមពូលទាំង ៤ ដែលមានក្រុមចូលរួមសរុប ១៦ នោះ ក្រុម Khmer Youth FC បានលត់ក្រុម Sandwich Strikers FC ៥-១ ដើម្បីឈរនៅលេខរៀងទី ១ ប្រចាំពូល A ជាបណ្តោះអាសន្ន ខណៈក្រុម Team Willing FC បានឈ្នះលើក្រុម LongVek Warriors ៥-២ ដើម្បីឈរនៅលេខរៀងទី ២ ។
ចំណែកការប្រកួតរបស់ក្រុមទាំង ៤ ឈរនៅពូល B ក្រុម IEU បានឈ្នះក្រុម Yaek Toch FT ៧-១ ដើម្បីឈរនៅលើកំពូលតារាងនៃពូលនេះជាបណ្តោះអាសន្ន ហើយក្រុម Valentine FC បានយកឈ្នះក្រុម Sandwich Bokor ៧-៣ ។
ចំពោះការប្រកួតនៅពូល C វិញ ក្រុម Premium SC បានបំបាក់ក្រុមយុវជនបឹងព្រលឹត ១០-២ ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១ ជាបណ្តោះអាសន្ន។
ប៉ុន្តែក្រុម Pavillon D'Asie ដែលបានយកឈ្នះក្រុមប្រមូលផ្តុំដោយអ្នកសារព័ត៌មាន Multi Media ៨-៣ នោះ ត្រូវបានគណៈកម្មការសម្រេចឲ្យចាញ់ក្រុម Multi Media ៣-០ វិញ។
ការផ្លាស់ប្តូរលទ្ធផលពីឈ្នះទៅជាចាញ់វិញនោះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុម Multi Media បានប្តឹងជំទាស់ទៅនឹងក្រុម Pavillon D'Asie ដែលបានដាក់កីឡាករអាជីពឈ្មោះ ម៉ែន សីហា អតីតកីឡាកររបស់វេស្ទើន ដែលទើបផ្លាស់ទៅក្លិប Cambodia Tiger FC ឲ្យចូលលេងក្នុងការប្រកួតនេះ ដោយខុសទៅនឹងច្បាប់ និងលក្ខខណ្ឌនៃការប្រកួត ដែលបានកំណត់ ហើយតាមការស្រាវជ្រាវ និងពិនិត្យឡើងវិញទៅលើបញ្ជីឈ្មោះ និងរូបថត គណៈកម្មការបានរកឃើញថា ខាង Pavillon D'Asie ពិតជាបានដាក់កីឡាករអាជីពឲ្យចូលលេង ខុសនឹងច្បាប់នៃការប្រកួតពិតប្រាកដមែន ទើបគណៈកម្មការសម្រេចឲ្យក្រុមនេះចាញ់វិញបែបនេះ។
យ៉ាងណាមិញ ក្រុមប្រមូលផ្តុំដោយអ្នកយកព័ត៌មានកីឡា (Sport News) មិនបានបង្ហាញភាពរឹងមាំដូចការប្រើវិជ្ជាជីវៈ ជាអ្នកយកព័ត៌មានកីឡានោះទេ ព្រោះក្រុមដែលទើបបានបង្កើតឡើងជាង ៣ ខែនេះ មិនសូវមានកីឡាករល្អៗសម្រាប់ជួយក្រុមនោះទេ ដែលធ្វើឲ្យពួកគេចាញ់ក្រុម TSA ៦-៣ ខណៈកីឡាករ តុប បញ្ញា បានធ្វើការងារធ្ងន់ជាងគេ ក្នុងការប្រកួតនោះ។
រីឯក្រុមឈរនៅក្នុងពូលD ជាមួយគ្នា EMM និង Ov Mal True Brands បានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ៕
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น