កីឡាករ Cristiano Ronaldo អាចនឹងជាប់ឈ្មោះចូលលេងជាមួយក្រុម U21 របស់ជម្រើសជាតិព័រទុយហ្គាល់បានក្នុងព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំ២០១៦ដែលធ្វើឡើងនៅប្រទេសប្រេស៊ីល។ នេះបើយោងតាមប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់បាននិយាយ។
ឈុតយុវជនរបស់ព័រទុយហ្គាល់បានកក់កៅអីរួចជាស្រេចហើយក្នុងព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំ២០១៦ ខាងមុខ បន្ទាប់ពីបានឡើងមកដល់វគ្គ៤ក្រុមចុងក្រោយក្នុងពានរង្វាន់ European Championship U-21។ ចំពោះឱកាសនេះដែរ ខាងសហព័ន្ធបាល់ទាត់នៅព័រទុយហ្គាល់បានប្រកាសថាពួកគេអាចនឹងកោះហៅខ្សែប្រយុទ្ធ Ronaldo ទៅលេងជាមួយឈុតយុវជននេះបាន ព្រោះថាក្នុងការប្រកួតដណ្ដើមមេដាយនោះ ក្នុងមួយក្រុមគេអាចឱ្យមានកីឡាករអាយុលើស២៣ឆ្នាំចំនួន៣នាក់។
លោក Fernando Gomes ប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (Portugal Football Association) បាននិយាយថា៖ “វាជារឿងដែលអាចទៅរួច។ យើងអាចមានកីឡាករ៣នាក់លើសអាយុ២៣ឆ្នាំបានក្នុងព្រឹត្តិការណ៍អូឡាំពិកនោះ។ Ronaldo ជាមនុស្សក្នុងចំណោម៣នាក់ដែលយើងកំពុងពិចារណា ប៉ុន្តែយើងក៏មិនទាន់គិតវាច្រើនពេកដែរ”។
វិញ្ញាសាបាល់ទាត់បុរសនៅក្នុងព្រឹត្តិការណ៍អូឡាំពិក ២០១៦ នៅប្រទេសប្រេស៊ីលមាន១៦ប្រទេសនឹងត្រូវប្រកួតដណ្ដើមយកមេដាយមាស ខណៈដែល៤ប្រទេសនៅតំបន់អឺរ៉ុបបានរកឃើញរួចទៅហើយគឺដាណឺម៉ាក ព័រទុយហ្គាល់ អាល្លឺម៉ង់ និងស៊ុយអែត។
ដោយឡែកខ្សែប្រយុទ្ធវ័យ៣០ឆ្នាំខាងលើ បច្ចុប្បន្នក៏មានភារកិច្ចជាមួយក្រុមជម្រើសជាតិដែរគឺការប្រកួតសន្សំពិន្ទុតាមពូលក្នុងពានរង្វាន់ Euro 2016 ដូច្នេះមានន័យថារូបគេអាចនឹងមានការងារច្រើននៅឆ្នាំ២០១៦ ខាងមុខ ប្រសិនបើមិនមានអ្វីប្រែប្រួលនោះ៕
0 ความคิดเห็น:
แสดงความคิดเห็น